តៃវ៉ាន់បិទសាលារៀននិងការិយាល័យរដ្ឋនានា ដោយសារភ្លៀងធ្លាក់ខ្លាំង…

tikchhang

(តៃប៉ិ)៖ មនុស្ស ៤នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្លាវាយប្រហារភាគខាងត្បូង និងភាគខាងកើតកោះតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ និងនាំឱ្យការិយាល័យរដ្ឋ និងសាលារៀននានាត្រូវបិទទ្វារ ខណៈអាជ្ញាធរកំពុងត្រៀមលក្ខណៈទប់ទល់ព្យុះទីហ្វុងមួយ ដែលត្រូវបានព្យាករណ៍ថានឹងទៅដល់ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធសម្ពាធទាប បានឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយនាំនូវភ្លៀងខ្លាំង បង្កជាទឹកជំនន់។ មន្រ្តីប្រចាំតំំបន់ក្នុងទីក្រុងចំនួនពីរ គឺ Kaohsiung និង Tainan ដែលមានប្រជាជនរស់នៅជាង ៤លាននាក់ បានចេញបញ្ជាឱ្យបិទការិយាល័យ និងសាលារៀន។

អាជ្ញាធរក្រុង Kaohsiung បានឱ្យដឹងថា បរិមាណទឹកភ្លៀងសរុបក្នុងរយៈពេល ៥ថ្ងៃ អំឡុងពេលនៃប្រព័ន្ធសម្ពាធទាបនេះ អាចមានកម្រិតលើសពី ១,៣ម៉ែត្រ ដែលស្មើនឹងជិតពាក់កណ្តាលនៃបរិមាណទឹកភ្លៀង ដែលទីក្រុងនេះទទួលបានជាមធ្យមពេញ ១ឆ្នាំ។ តាមនាយកដ្ឋានពន្លត់អគ្គិភ័យ មនុស្ស ៤នាក់បានបាត់ខ្លួននៅក្នុងទឹកជំនន់។

ទីភ្នាក់ងារឧតុនិយមមជ្ឈិមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះទីហ្វុង Saudel ដែលបច្ចុប្បន្នកំពុងឆ្ពោះទៅខេត្ត Okinawa ភាគខាងត្បូងនៃប្រទេសជប៉ុននោះ ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងជើងកោះតៃវ៉ាន់ នៅព្រឹកព្រលឹមថ្ងៃសុក្រខាងមុខនេះ មុនពេលទៅដល់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន៕

208.831 SRY
Khmer Dispatch
Write your comment...

Comments